0 Cart
Cart is empty

ឧទ្ទិសនាម

ភ្នំពេញ ៖ គណៈប្រតិភូនារីកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧បាននិវត្តន៍មកដល់ មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមវេទិកា វៀតណាម ឡាវ កម្ពុជា នារីក្នុងការកសាងសមត្ថភាព មិត្តភាព ទំនាក់ទំនង សហប្រតិបត្តិការ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៏ ប្រកបដោយនិរន្តរភាពត្រឹម ឆ្នាំ២០៣០។ វេទិកានេះបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី មាស សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្បន៏ បានឲ្យដឹងថា៖ វេទិកានារីទាំងបីប្រទេស វៀតណាម ឡាវ និងកម្ពុជានេះបានលើកឡើងនូវសកម្មភាព ដែលនារីបានអនុវត្តទាក់ទងនឹងការលើកម្ពស់សមភាពយេនឌ័រ ការលើកម្ពស់ការ ចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ ការអប់រំយុវជនជំនាន់ក្រោយអំពីចំណងមិត្តភាពប្រទេសទាំងបី ការលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ និងបទពិសោធន៍ក្នុងការអនុវត្ត របស់គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ ដំណើរការក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពព្រមទាំងបានលើកឡើងផងដែរអំពីកត្តាប្រឈមនានាដែលត្រូវរួមគ្នាដោះស្រាយ។

លោកស្រី បានបន្ថែមថា៖ អង្គវេទិកាបានពិនិត្យឃើញថារដ្ឋាភិបាលប្រទេសនីមួយៗសុទ្ធតែបានខិត ខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអនុវត្តរាល់ការប្តេជ្ញារបស់អាស៊ាន ក៏ដូចជាគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពទាក់ទងនឹងសមភាពយេនឌ័រ។

វេទិកានារី ៣ប្រទេស វៀតណាម ឡាវ កម្ពុជា រៀប ចំឡើង ក្នុងគោលបំណង នារីក្នុងការកសាងមិត្តភាព ទំនាក់ ទំនង សហប្រតិបត្តិការឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រឹមឆ្នាំ ២០៣០ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមនេះបានសម្រេចចិត្តជារួមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ សាមគ្គីភាពរបស់នារីនៃប្រទេសទាំងបី ដោយត្រូវភ្ជាប់ទៅនឹងការខិតខំប្រឹងប្រែងអនុវត្តសកម្មភាពជាក់ស្ដែងរបស់អាស៊ាន ដើម្បីកសាងសង្គមមួយប្រកបដោយសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕ សំរិត